5. ក្នុងគំនិតនៃអ្នកដែលមានសេចក្តីសុខ នោះតែងមានសេចក្តីមើលងាយចំពោះគ្រោះថ្នាក់គេ សេចក្តីនោះឯងប្រុងប្រៀបសំរាប់អ្នកណាដែលភ្លាត់ជើង
6. ទីលំនៅរបស់ពួកចោរចេះតែមានសេចក្តីចំរើន ហើយពួកអ្នកដែលធ្វើឲ្យព្រះថ្នាំងថ្នាក់ព្រះហឫទ័យ ក៏តែងមានសេចក្តីសុខ គឺជាពួកអ្នកដែលទទួលតែអំណាចរបស់ខ្លួនទុកជាព្រះហើយ។
7. ចូរអ្នកសួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាសផង វានឹងប្រាប់ឲ្យអ្នកដឹង
8. ឬឲ្យនិយាយនឹងដីចុះ នោះនឹងបង្រៀនអ្នកដែរ ហើយត្រីនៅសមុទ្រនឹងថ្លែងប្រាប់មកអ្នក
9. ក្នុងពួកទាំងនោះ តើមានណាមួយដែលមិនដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាបានបង្កើតទាំងអស់
10. ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ
11. ឯត្រចៀក តើមិនស្តាប់យល់ពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី
12. មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺន ទើបមានយោបល់។
13. ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ
14. មើល ទ្រង់រំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ទ្រង់រាំងផ្លូវដល់មនុស្ស ហើយគ្មានអ្នកណាអាចនឹងបើកបានឡើយ
15. មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
16. ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត និងមនុស្សឆបោកផង
17. ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្តីល្ងីល្ងើ
18. ទ្រង់រំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង