15. មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
16. ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត និងមនុស្សឆបោកផង
17. ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្តីល្ងីល្ងើ
18. ទ្រង់រំលាយអំណាចនៃពួកស្តេច ហើយចងខ្សែភ្ជាប់នៅចង្កេះផង
19. ទ្រង់ក៏ដឹកនាំពួកសង្ឃទៅតែខ្លួនទទេ ហើយទំលាក់ងារពួកមានអំណាច
20. ទ្រង់ដកពាក្យសំដីពីពួកអ្នកដែលគួរទុកចិត្តបាន ហើយក៏ដោះយកយោបល់ពីពួកចាស់ទុំចេញ
21. ទ្រង់ចាក់សេចក្តីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ
22. ទ្រង់បើកអស់ទាំងសេចក្តីជ្រៅជ្រះចេញពីងងឹតមក ក៏នាំយកម្លប់សេចក្តីស្លាប់ចេញមក ដាក់នៅពន្លឺដែរ
23. ទ្រង់ចំរើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ ទ្រង់ពង្រីកឲ្យគេធំឡើង រួចក៏ដឹកនាំគេទៅជាឈ្លើយ
24. ទ្រង់ដកប្រាជ្ញាពីពួកអ្នកជាប្រធាននៃបណ្តាជននៅផែនដីចេញ ហើយបណ្តាលឲ្យគេដើរសាត់ព្រាត់ នៅទីរហោស្ថានដែលឥតមានផ្លូវសោះ
25. គេដើរទ្រាបក្នុងទីងងឹតឥតមានពន្លឺសោះ ទ្រង់ក៏ធ្វើឲ្យគេដើរទ្រេតទ្រោតដូចជាមនុស្សស្រវឹងផង។