យ៉ូប 12:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺន ទើប​មាន​យោបល់។

13. ឯ​ព្រះ​ទ្រង់​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ទ្រង់​ក៏​មាន​ព្រះ‌ដំរិះ និង​យោបល់​ដែរ

14. មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ

15. មើល ទ្រង់​ទប់​ទឹក ហើយ​ទាំង​អស់​ក៏​រីង​ស្ងួត​ទៅ រួច​ទ្រង់​បើក​វិញ នោះ​ក៏​ហូរ​បង្ខូច​ផែនដី​អស់

16. ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា ក៏​កំរាប​បាន​ទាំង​មនុស្ស​ឆោត និង​មនុស្ស​ឆ‌បោក​ផង

17. ទ្រង់​ដឹក‌នាំ​ពួក​អ្នក​ជួយ​គំនិត​ទៅ​តែ​ខ្លួន​ទទេ ហើយ​ប្រគល់​ពួក​ចៅ‌ក្រម​ទៅ​ក្នុង​សេចក្តី​ល្ងី‌ល្ងើ

18. ទ្រង់​រំលាយ​អំណាច​នៃ​ពួក​ស្តេច ហើយ​ចង​ខ្សែ​ភ្ជាប់​នៅ​ចង្កេះ​ផង

19. ទ្រង់​ក៏​ដឹក‌នាំ​ពួក​សង្ឃ​ទៅ​តែ​ខ្លួន​ទទេ ហើយ​ទំលាក់​ងារ​ពួក​មាន​អំណាច

20. ទ្រង់​ដក​ពាក្យ​សំដី​ពី​ពួក​អ្នក​ដែល​គួរ​ទុក​ចិត្ត​បាន ហើយ​ក៏​ដោះ​យក​យោបល់​ពី​ពួក​ចាស់‌ទុំ​ចេញ

21. ទ្រង់​ចាក់​សេចក្តី​មើល‌ងាយ​ទៅ​លើ​ពួក​សេដ្ឋី ក៏​បន្ធូរ​ខ្សែ​ក្រវាត់​នៃ​ពួក​ខ្លាំង​ពូកែ

22. ទ្រង់​បើក​អស់​ទាំង​សេចក្តី​ជ្រៅ‌ជ្រះ​ចេញ​ពី​ងងឹត​មក ក៏​នាំ​យក​ម្លប់​សេចក្តី​ស្លាប់​ចេញ​មក ដាក់​នៅ​ពន្លឺ​ដែរ

23. ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ ទ្រង់​ពង្រីក​ឲ្យ​គេ​ធំ​ឡើង រួច​ក៏​ដឹក‌នាំ​គេ​ទៅ​ជា​ឈ្លើយ

24. ទ្រង់​ដក​ប្រាជ្ញា​ពី​ពួក​អ្នក​ជា​ប្រធាន​នៃ​បណ្តា‌ជន​នៅ​ផែនដី​ចេញ ហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ទី​រហោ‌ស្ថាន​ដែល​ឥត​មាន​ផ្លូវ​សោះ

25. គេ​ដើរ​ទ្រាប​ក្នុង​ទី​ងងឹត​ឥត​មាន​ពន្លឺ​សោះ ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​ដើរ​ទ្រេត‌ទ្រោត​ដូច​ជា​មនុស្ស​ស្រវឹង​ផង។

យ៉ូប 12