8. គឺព្រះហស្តនៃទ្រង់ ដែលបង្កើតរាងកាយ ហើយសំរេចរូបទូលបង្គំឲ្យជាប់គ្នាគ្រប់ផ្នែក តែទ្រង់បំផ្លាញទូលបង្គំវិញ
9. សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ
10. តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី
11. ទ្រង់បានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ
12. ទ្រង់បានប្រោសផ្តល់ជីវិត និងសេចក្តីសប្បុរសដល់ទូលបង្គំ ហើយការឃុំគ្រងរបស់ទ្រង់បានគាំពារជីវិតទូលបង្គំ។
13. ប៉ុន្តែសេចក្តីទាំងនេះទ្រង់បានលាក់ទុកនៅក្នុងព្រះហឫទ័យវិញ ទូលបង្គំដឹងហើយថា នេះនៅតែក្នុងទ្រង់ទេ
14. គឺថា បើទូលបង្គំធ្វើបាប នោះទ្រង់ចំណាំទូលបង្គំទុក ហើយទ្រង់មិនលែងឲ្យទូលបង្គំបានរួចពីទោសឡើយ
15. បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្តីខ្មាស ហើយមើលតែសេចក្តីវេទនារបស់ទូលបង្គំ
16. បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សំដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត
17. ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្តីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្តីប្រែប្រួល នឹងសេចក្តីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
18. យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
19. នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង