យ៉ាកុប 4:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ចូរ​ឲ្យ​មាន​សេចក្ដី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្ដី​អំណរ​ទៅ​ជា​សេចក្ដី​ព្រួយ​វិញ

10. ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។

11. បង​ប្អូន​អើយ កុំ​ឲ្យ​និន្ទា​គ្នា​ឡើយ អ្នក​ណា​ដែល​និន្ទា ហើយ​ថ្កោល​ទោស​បង​ប្អូន​ខ្លួន នោះ​ក៏​និន្ទា ហើយ​ថ្កោល​ទោស​ចំពោះ​ក្រឹត្យ‌វិន័យ​ដែរ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ នោះ​អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​ឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ

12. ឯ​អ្នក​ដែល​តែង​ក្រឹត្យ‌វិន័យ ហើយ​ជំនុំ​ជំរះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។

13. ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​នឹង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ

14. អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ

15. គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ

16. តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​អំនួត អំពី​ពាក្យ​អួត​អាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​អំនួត​យ៉ាង​នោះ សុទ្ធ​តែ​អាក្រក់​ទាំង​អស់

17. ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ។

យ៉ាកុប 4