4. ឱពួកកំផិតទាំងប្រុសទាំងស្រីអើយ តើមិនដឹងទេឬអីថា ដែលស្រឡាញ់ដល់លោកីយ៍ នោះគឺជាស្អប់ដល់ព្រះហើយ ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ
5. ឬតើអ្នករាល់គ្នាស្មានថា គម្ពីរសំដែងចេញជាឥតប្រយោជន៍ឬអី រីឯព្រះវិញ្ញាណដែលបានសណ្ឋិតនៅក្នុងយើង ទ្រង់រំឭកដល់យើង ដោយមានព្រះហឫទ័យប្រចណ្ឌ
6. តែទ្រង់ផ្តល់ព្រះគុណមកកាន់តែខ្លាំងឡើង ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ»
7. ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ
8. ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ ឱពួកមានបាបអើយ ចូរលាងដៃឲ្យស្អាតចុះ ឱពួកអ្នកមានចិត្ត២អើយ ចូរសំអាតចិត្តឡើង
9. ចូរឲ្យមានសេចក្ដីទុក្ខ ហើយយំសោក ទាំងស្រក់ទឹកភ្នែកចុះ សូមឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាដំងូរ ហើយឲ្យសេចក្ដីអំណរទៅជាសេចក្ដីព្រួយវិញ