8. បើអ្នករាល់គ្នាកាន់តាមក្រឹត្យវិន័យដ៏ប្រសើរ ដូចមានបទគម្ពីរថា «ចូរឲ្យឯងស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង» នោះឈ្មោះថាប្រព្រឹត្តល្អហើយ
9. តែបើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រឹត្យវិន័យក៏កាត់ទោសអ្នក ទុកដូចជាបានប្រព្រឹត្តរំលងដែរ
10. ដ្បិតអ្នកណាដែលកាន់ក្រឹត្យវិន័យទាំងមូលតែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រឹត្យវិន័យទាំងមូលនោះហើយ
11. ពីព្រោះព្រះដែលមានព្រះបន្ទូលថា «កុំឲ្យផិតគ្នាឲ្យសោះ» ទ្រង់ក៏មានព្រះបន្ទូលថា «កុំឲ្យសំឡាប់មនុស្ស»ដែរ ដូច្នេះ បើអ្នកមិនបានប្រព្រឹត្តសេចក្ដីកំផិតទេ តែបានសំឡាប់វិញ នោះឈ្មោះថាអ្នកបានប្រព្រឹត្តអំពើរំលងក្រឹត្យវិន័យហើយ
12. ចូរឲ្យអ្នករាល់គ្នានិយាយ ព្រមទាំងប្រព្រឹត្តបែបដូចជាក្រឹត្យវិន័យនៃសេចក្ដីសេរីភាព រៀបនឹងជំនុំជំរះអ្នកហើយចុះ
13. ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតមេត្តាដែរ រីឯសេចក្ដីមេត្តា នោះរមែងឈ្នះសេចក្ដីជំនុំជំរះវិញ។
14. បងប្អូនអើយ បើអ្នកណាថាខ្លួនមានសេចក្ដីជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី តើសេចក្ដីជំនឿអាចនឹងជួយសង្គ្រោះអ្នកនោះបានដែរឬ
15. ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ
16. ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី
17. ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង
18. តែអ្នកខ្លះនឹងនិយាយថា អ្នកមានសេចក្ដីជំនឿ ហើយខ្ញុំមានការប្រព្រឹត្ត ដូច្នេះ ចូរអ្នកបង្ហាញសេចក្ដីជំនឿរបស់អ្នក ក្រៅពីការដែលអ្នកប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញសេចក្ដីជំនឿខ្ញុំ ដោយសារការដែលខ្ញុំប្រព្រឹត្តដែរ
19. អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ
20. ឱមនុស្សកំឡៅអើយ អ្នកចង់ដឹងពិតឬទេថា សេចក្ដីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ
21. ចុះលោកអ័ប្រាហាំ ជាឰយុកោយើង តើមិនបានរាប់ជាសុចរិត ដោយការលោកប្រព្រឹត្ត ក្នុងកាលដែលលោកបានថ្វាយអ៊ីសាក ជាកូនលោក នៅលើអាសនាទេឬអី
22. ដូច្នេះ អ្នកឃើញថា សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង
23. នោះទើបបានសំរេចបទគម្ពីរ ដែលថា «អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្ដីនោះ បានរាប់ជាសេចក្ដីសុចរិតដល់លោក»ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ
24. ដូច្នេះ អ្នករាល់គ្នាឃើញថា មនុស្សបានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ
25. ឯនាងរ៉ាហាប ជាស្រីសំផឹង ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារការនាងប្រព្រឹត្តទេឬអី គឺក្នុងកាលដែលនាងទទួលពួកអ្នក ដែលគេចាត់មកនោះ ហើយនាងបានឲ្យគេចេញទៅវិញតាមផ្លូវ១ទៀត