1. ឱបើសិនជាក្បាលខ្ញុំពេញដោយទឹក ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ចទៅអេះ ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ ពីដំណើរពួកអ្នកដែលត្រូវគេសំឡាប់ ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
2. ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន ជាទីសំណាក់របស់អ្នកដំណើរទៅអេះ ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ ហើយឃ្លាតចេញពីគេទៅ ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្តីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
4. ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
5. គ្រប់គ្នានឹងបញ្ឆោតអ្នកជិតខាងខ្លួន ហើយមិនព្រមពោលសេចក្តីពិតទេ គេបានបង្វឹកអណ្តាតឲ្យកុហក គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់
6. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្តីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្តីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
7. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ
8. អណ្តាតគេជាព្រួញដែលសំឡាប់ ក៏ពោលសុទ្ធតែសេចក្តីប្រវ័ញ្ចបញ្ឆោត គេនិយាយសេចក្តីមេត្រីនឹងអ្នកជិតខាងដោយបបូរមាត់ តែឯក្នុងចិត្ត នោះគេលបចាំចាប់វិញ
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើមិនត្រូវឲ្យអញធ្វើទោសគេ ដោយព្រោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹក ចំពោះសាសន៍ណាយ៉ាងនេះទេឬអី។