យេរេមា 7:7-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។

8. មើល ឯង​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​នឹង​មាន​ប្រយោជន៍​មិន​បាន

9. តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម

10. រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ

11. ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។

12. ចូរ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ឯ​ទី​កន្លែង​របស់​អញ ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​អញ​បាន​តាំង​ឈ្មោះ​អញ​ឲ្យ​នៅ​ជា​មុន​ដំបូង ត្រូវ​ឲ្យ​ពិចារណា​មើល ដែល​អញ​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

13. ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ

14. ហេតុ​នោះ​អញ​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​អញ គឺ​ជា​ទី​ដែល​ឯង​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា និង​ពួក​ព្ធយុ‌កោ​ឯង​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ

15. ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។

16. ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ

17. តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

18. គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង​ឡើង ហើយ​ពួក​ស្រីៗ​គេ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​ក្តៅ

19. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​គេ​បណ្តាល​ឲ្យ​អញ​មាន​សេចក្តី​កំហឹង​មែន​ឬ តើ​មិន​មែន​ដល់​ខ្លួន​គេ​វិញ ដរាប​ដល់​មាន​សេចក្តី​ខ្មាស​ជ្រប់​មុខ​ផង​ទេ​ឬ​អី

20. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចំការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្តី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។

21. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ថ្វាយ​ដង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​ឯង​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ

22. ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ

23. គឺ​អញ​បាន​បង្គាប់​សេចក្តី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ផ្លូវ​ដែល​អញ​បង្គាប់​ឯង​គ្រប់​ចំពូក ដើម្បី​ឲ្យ​ឯង​បាន​សេចក្តី​សុខ​ស្រួល

24. ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្តី​រឹង‌ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា‌ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ

25. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង

យេរេមា 7