5. ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌
6. បើឯងមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្រីមេម៉ាយ ហើយមិនកំចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ
7. នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
8. មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន
9. តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម
10. រួចមកឈរនៅមុខអញក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះអញ ហើយពោលថា យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ
11. ព្រះវិហារនេះដែលហៅតាមឈ្មោះអញ តើបានត្រឡប់ជារោងចោរនៅភ្នែកឯងរាល់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺខ្លួនអញបានឃើញការនេះហើយ។
12. ចូរឲ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញឲ្យនៅជាមុនដំបូង ត្រូវឲ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ
13. ហើយឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ហើយអញបាននិយាយនឹងឯងរាល់គ្នា ទាំងខ្នះខ្នែងរំឭកឯងតាំងពីព្រលឹមស្រាងផង តែឯងរាល់គ្នាមិនបានស្តាប់តាមទេ អញក៏បានហៅឯងរាល់គ្នា តែឯងមិនបានឆ្លើយតបសោះ
14. ហេតុនោះអញនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះអញ គឺជាទីដែលឯងរាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលអញបានឲ្យដល់ឯងរាល់គ្នា និងពួកព្ធយុកោឯងផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ
15. ហើយអញនឹងបោះបង់ឯងរាល់គ្នាពីភ្នែកអញចេញ ដូចជាបានបោះបង់ពួកបងប្អូនឯងដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
16. ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់អញជំនួសគេឲ្យសោះ ពីព្រោះអញមិនព្រមស្តាប់ឯងទេ
17. តើឯងមិនឃើញអំពើដែលគេប្រព្រឹត្ត នៅអស់ទាំងក្រុងនៃស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទេឬអី
18. គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើងឡើង ហើយពួកស្រីៗគេច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចដង្វាយថ្វាយដល់ព្រះឯទៀតផង ជាការដែលបណ្តាលឲ្យអញខឹងក្តៅ
19. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើគេបណ្តាលឲ្យអញមានសេចក្តីកំហឹងមែនឬ តើមិនមែនដល់ខ្លួនគេវិញ ដរាបដល់មានសេចក្តីខ្មាសជ្រប់មុខផងទេឬអី
20. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល សេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចំការ និងលើផលដែលកើតពីដីផង សេចក្តីកំហឹងនោះនឹងឆេះឡើង ឥតរលត់ឡើយ។