21. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរថ្វាយដង្វាយដុតថែមលើយញ្ញបូជារបស់ឯងរាល់គ្នា ហើយស៊ីសាច់ចុះ
22. ពីព្រោះនៅគ្រាដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរដង្វាយដុត និងយញ្ញបូជាទេ
23. គឺអញបានបង្គាប់សេចក្តីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ចំពូក ដើម្បីឲ្យឯងបានសេចក្តីសុខស្រួល
24. ប៉ុន្តែគេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្តីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ
25. ចាប់តាំងពីថ្ងៃដែលពួកព្ធយុកោឯងរាល់គ្នា បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញ ឲ្យមកឯឯង ដោយខ្នះខ្នែងនឹងចាត់គេពីព្រលឹមស្រាងរាល់តែថ្ងៃផង
26. ប៉ុន្តែឯងមិនបានស្តាប់តាមអញ ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងពួកព្ធយុកោទៅទៀត។
27. ត្រូវឲ្យឯងប្រាប់ដល់គេតាមអស់ទាំងពាក្យនេះ តែគេនឹងមិនស្តាប់តាមឯងទេ ហើយឯងនឹងស្រែកហៅគេដែរ តែគេមិនព្រមឆ្លើយតបឡើយ
28. ត្រូវឲ្យឯងប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏មិនបានទទួលសេចក្តីប្រៀនប្រដៅឡើយ ឯសេចក្តីពិត នោះបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។
29. ចូរកាត់សក់ឯងបោះចោលទៅ ហើយចាប់តាំងទួញទំនួញនៅលើទីខ្ពស់ចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបដិសេធ ហើយបោះបង់ចោលដំណមនុស្ស ដែលត្រូវសេចក្តីខ្ញាល់របស់ទ្រង់ចេញ
30. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកអញ គេបានទាំងដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញផង ដើម្បីនឹងធ្វើឲ្យអាប់ឱនទៅ
31. គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាន នៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណំម ដើម្បីនឹងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលអញមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតអញដែរ
32. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណំមតទៅ គឺនឹងហៅថាជាច្រកភ្នំនៃការសំឡេះវិញ ពីព្រោះគេនឹងកប់ខ្មោចនៅត្រង់តូផែតនោះទាល់តែគ្មានកន្លែងទំនេរទៀត
33. ហើយខ្មោចទាំងប៉ុន្មានរបស់ជនជាតិនេះ នឹងជាចំណីដល់សត្វហើរលើអាកាស និងដល់សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ
34. នៅគ្រានោះអញនឹងធ្វើឲ្យបាត់ឮសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីអស់ទាំងក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រឡប់ជាទីសូន្យបង់។