15. ហើយអញនឹងបោះបង់ឯងរាល់គ្នាពីភ្នែកអញចេញ ដូចជាបានបោះបង់ពួកបងប្អូនឯងដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
16. ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់អញជំនួសគេឲ្យសោះ ពីព្រោះអញមិនព្រមស្តាប់ឯងទេ
17. តើឯងមិនឃើញអំពើដែលគេប្រព្រឹត្ត នៅអស់ទាំងក្រុងនៃស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទេឬអី
18. គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើងឡើង ហើយពួកស្រីៗគេច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចដង្វាយថ្វាយដល់ព្រះឯទៀតផង ជាការដែលបណ្តាលឲ្យអញខឹងក្តៅ
19. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើគេបណ្តាលឲ្យអញមានសេចក្តីកំហឹងមែនឬ តើមិនមែនដល់ខ្លួនគេវិញ ដរាបដល់មានសេចក្តីខ្មាសជ្រប់មុខផងទេឬអី
20. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល សេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចំការ និងលើផលដែលកើតពីដីផង សេចក្តីកំហឹងនោះនឹងឆេះឡើង ឥតរលត់ឡើយ។
21. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរថ្វាយដង្វាយដុតថែមលើយញ្ញបូជារបស់ឯងរាល់គ្នា ហើយស៊ីសាច់ចុះ
22. ពីព្រោះនៅគ្រាដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរដង្វាយដុត និងយញ្ញបូជាទេ
23. គឺអញបានបង្គាប់សេចក្តីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ចំពូក ដើម្បីឲ្យឯងបានសេចក្តីសុខស្រួល