12. ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចំការ និងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
13. ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្តីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ
14. គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ
15. កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្តីខ្មាសឬទេ ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ដូច្នេះ គេនឹងដួលទៅជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង តែគេប្រកែកថា យើងរាល់គ្នាមិនព្រមដើរតាមទេ
17. អញក៏បានដាក់ពួកចាំយាមឲ្យត្រួតលើឯងរាល់គ្នា ឲ្យប្រាប់ថា ចូរប្រុងស្តាប់សូរត្រែ តែគេប្រកែកថា យើងមិនព្រមស្តាប់ទេ
18. ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍អើយ ហើយពួកជំនុំអើយ ចូរដឹងពីសេចក្តីដែលត្រូវកើតដល់គេ
19. ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្តីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ
20. តើមានប្រយោជន៍អ្វីដែលមានកំញានមកពីស្រុកសេបា ហើយនឹងឫសកន្ធាយពីស្រុកឆ្ងាយ មកឯអញដូច្នេះ អញមិនទទួលដង្វាយដុតរបស់ឯងរាល់គ្នាទេ ហើយយញ្ញបូជារបស់ឯង ក៏មិនគាប់ចិត្តដល់អញដែរ
21. ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងដាក់ថ្មចំពប់មួយ នៅមុខជនជាតិនេះ ហើយទាំងឪពុក និងកូនផងនឹងចំពប់ចុះលើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្រសំឡាញ់របស់គេផង គេនឹងត្រូវវិនាសបង់ទាំងអស់។
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានជនជាតិមកពីស្រុកខាងជើង គឺសាសន៍១យ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកំរើកឡើង
23. គេចាប់កាន់ធ្នូ និងលំពែង ជាសាសន៍សាហាវ ឥតត្រាប្រណី សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ គេសុទ្ធតែជិះសេះដំរៀបជាក្បួនទ័ព ដូចជាមនុស្សដែលចូលទៅច្បាំង ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងឯងហើយ
24. យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្តីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន
25. កុំឲ្យចេញទៅឯចំការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្តីស្ញែងខ្លាច បាននៅពាសពេញជុំវិញហើយ
26. ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។