16. តែនេប៊ូសារ៉ាដានជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចំការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
17. ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ
18. ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសំរាប់គោរព នោះគេក៏យកទៅដែរ
19. ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់
20. ឯសសរទាំង២ សមុទ្រ១ និងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ
21. ត្រង់ឯសសរនោះមួយៗ មានកំពស់១៨ហត្ថ ហើយវាស់ជុំវិញត្រូវជា១២ហត្ថ មានកំរាស់៤ធ្នាប់ មានប្រហោងក្នុង