15. រួចនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំពួកក្រីក្របំផុតក្នុងបណ្តាជន និងសំណល់មនុស្សដែលនៅក្នុងទីក្រុង ព្រមទាំងពួកអ្នកដែលបានរវាតចូលទៅខាងស្តេចបាប៊ីឡូន និងសំណល់នៃមនុស្សទៅជាឈ្លើយ
16. តែនេប៊ូសារ៉ាដានជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចំការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
17. ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ
18. ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសំរាប់គោរព នោះគេក៏យកទៅដែរ
19. ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់
20. ឯសសរទាំង២ សមុទ្រ១ និងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ
21. ត្រង់ឯសសរនោះមួយៗ មានកំពស់១៨ហត្ថ ហើយវាស់ជុំវិញត្រូវជា១២ហត្ថ មានកំរាស់៤ធ្នាប់ មានប្រហោងក្នុង
22. ក៏មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាលសសរមួយៗកំពស់៥ហត្ថ មានក្បាច់ក្រឡាអួន និងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទី២ក៏មានក្បាច់ក្រឡាអួន និងផ្លែទទឹមដូចគ្នាដែរ
23. មានផ្លែទទឹម៩៦នៅគ្រប់ជុំវិញ ហើយនឹងផ្លែទទឹមទាំងអស់ ដែលនៅជាប់នឹងក្បាច់ក្រឡាអួននោះមានចំនួន១០០។
24. មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ និងសេផានា ជាសង្ឃទី២ ហើយពួកឆ្មាំទ្វារទាំង៣នាក់
25. ក៏យកមេម្នាក់ ដែលបានត្រួតលើពលទ័ព ពីក្នុងទីក្រុង និងមនុស្ស៧នាក់ ដែលធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងទីក្រុង ហើយស្មៀនរបស់មេទ័ពធំ ដែលកេណ្ឌពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមាននៅក្នុងទីក្រុងផង
26. នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំអ្នកទាំងនោះ ទៅឯស្តេចបាប៊ីឡូនត្រង់រីបឡា