1. លុះកាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់១១ឆ្នាំ ព្រះមាតាទ្រង់នាមជាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា
2. ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាតាមគ្រប់ទាំងការដែលយេហូយ៉ាគីមបានធ្វើ
3. គឺហេតុនោះបានជាសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាកើតឡើង ដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែទ្រង់បានបោះបង់ចោលគេចេញពីចំពោះទ្រង់ទៅ ឯសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
4. ដល់ឆ្នាំទី៩ក្នុងរាជ្យទ្រង់ គឺនៅថ្ងៃ១០ខែបុស្ស នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ព្រមទាំងពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន ក៏មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម គេតាំងបន្ទាយប្រទល់មុខនឹងទីក្រុងជុំវិញ
5. យ៉ាងនោះទីក្រុងត្រូវគេឡោមព័ទ្ធ ដរាបដល់ឆ្នាំទី១១ក្នុងរាជ្យស្តេចសេដេគា
6. លុះដល់ថ្ងៃ៩ខែអាសាធ នោះនៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាគ្មានអាហារសំរាប់បណ្តាជនសោះ
7. នៅគ្រានោះ គេទំលាយកំផែងទីក្រុងបាន រួចពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្តាលកំផែងទាំង២ ដែលនៅជិតច្បារស្តេច ហើយគេរត់ដំរង់ទៅឯស្រុកវាល (ចំណែកពួកខាល់ដេគេនៅឡោមព័ទ្ធទីក្រុង)
8. ប៉ុន្តែពលទ័ពសាសន៍ខាល់ដេ គេដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ ហើយបណ្តាទ័ពរបស់ទ្រង់ត្រូវខ្ចាត់ខ្ចាយពីទ្រង់អស់ទៅ
9. គេចាប់ស្តេចនាំទៅឯស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសដល់ទ្រង់
10. ហើយសំឡាប់ពួកបុត្រានៃសេដេគា នៅចំពោះព្រះនេត្រទ្រង់ ក៏សំឡាប់អស់ទាំងចៅហ្វាយរបស់ស្រុកយូដា នៅត្រង់រីបឡាដែរ
11. ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចមក ស្តេចបាប៊ីឡូនដាក់ច្រវាក់លង្ហិន នាំយកទៅដល់ក្រុងបាប៊ីឡូនឃុំទុកនៅក្នុងគុក ដរាបដល់ថ្ងៃសុគត។
12. រីឯនៅថ្ងៃ១០ខែស្រាពណ៍ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ដែលឈរនៅចំពោះស្តេចបាប៊ីឡូន លោកចូលមកក្នុងក្រុងយេរូសាឡិម
13. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
14. ឯពួកទ័ពសាសន៍ខាល់ដេទាំងប៉ុន្មាន ដែលនៅជាមួយនឹងមេទ័ពធំ គេក៏មករំលំកំផែងនៃទីក្រុងយេរូសាឡិមគ្រប់ជុំវិញ
15. រួចនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំពួកក្រីក្របំផុតក្នុងបណ្តាជន និងសំណល់មនុស្សដែលនៅក្នុងទីក្រុង ព្រមទាំងពួកអ្នកដែលបានរវាតចូលទៅខាងស្តេចបាប៊ីឡូន និងសំណល់នៃមនុស្សទៅជាឈ្លើយ
16. តែនេប៊ូសារ៉ាដានជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចំការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
17. ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ