9. យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង
10. ព្រះយេហូវ៉ាទ្រង់បាននាំសេចក្តីសុចរិតរបស់យើងចេញមកហើយ ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការនៃព្រះយេហូវ៉ា ជាព្រះនៃយើង។
11. ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់
12. ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកំឡាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានសំរេច ហើយបានបង្ហើយការ ដែលទ្រង់មានព្រះបន្ទូលពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន
13. ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់ឯងបានមកដល់ហើយ សេចក្តីលោភរបស់ឯងក៏ដល់កំណត់ផង
14. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។
15. ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់
16. កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង
17. គ្រប់គ្នាបានត្រឡប់ជាមនុស្សកំរោល ហើយក៏ឥតមានដំរិះផង គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្តីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ
18. វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ
19. ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។