46. កុំឲ្យឯងរាល់គ្នាស្រយុតចិត្តឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំ១ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹង១ទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេច១ទាស់នឹងស្តេច១ទៀត
47. ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា
48. គ្រានោះ ទាំងផ្ទៃមេឃ ហើយផែនដី និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
49. រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50. នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ
51. យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា
52. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
53. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54. មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ