1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងបង្កើតឲ្យមានខ្យល់ ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន ហើយទាស់នឹងពួកអ្នកនៅកណ្តាលសាសន៍ដែលលើកខ្លួនឡើងទាស់នឹងអញដែរ
2. អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ
3. ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង កុំឲ្យប្រណីពួកកំឡោះៗរបស់គេឡើយ ត្រូវឲ្យបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ
4. គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។
5. ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ
6. ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្តីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ