34. ឯព្រះដ៏ប្រោសលោះគេ ទ្រង់មានឥទ្ធិឫទ្ធិ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងកាន់ក្តីគេ ដើម្បីនឹងប្រោសឲ្យផែនដីបានសេចក្តីស្រាកស្រាន្ត ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្នវិញ
35. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា មានដាវមកលើពួកខាល់ដេ និងលើពួកអ្នកនៅក្រុងបាប៊ីឡូន លើពួកចៅហ្វាយ និងពួកអ្នកប្រាជ្ញរបស់គេផង
36. មានដាវមកលើពួកភូតភរ គេនឹងត្រឡប់ជាវិងស៊ុងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុតទៅ
37. មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចំបាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ