33. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅយូដា ត្រូវគេសង្កត់សង្កិនជាមួយគ្នា ពួកអ្នកទាំងប៉ុន្មានដែលចាប់គេនាំទៅជាឈ្លើយ នោះក៏ឃុំឃាំងគេជាប់នៅ មិនព្រមលែងចេញទេ
34. ឯព្រះដ៏ប្រោសលោះគេ ទ្រង់មានឥទ្ធិឫទ្ធិ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងកាន់ក្តីគេ ដើម្បីនឹងប្រោសឲ្យផែនដីបានសេចក្តីស្រាកស្រាន្ត ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្នវិញ
35. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា មានដាវមកលើពួកខាល់ដេ និងលើពួកអ្នកនៅក្រុងបាប៊ីឡូន លើពួកចៅហ្វាយ និងពួកអ្នកប្រាជ្ញរបស់គេផង
36. មានដាវមកលើពួកភូតភរ គេនឹងត្រឡប់ជាវិងស៊ុងស្មារតី មានដាវមកលើពួកខ្លាំងពូកែរបស់គេ ហើយពួកនោះនឹងភ័យស្លុតទៅ
37. មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចំបាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ទៅដូចជាស្រីវិញ មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយទាំងអស់នឹងត្រូវប្លន់យកទៅ
38. មានរដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ ពីព្រោះស្រុកនោះមានសុទ្ធតែរូបឆ្លាក់ ក៏វក់នឹងរូបព្រះផង
39. ហេតុនោះសត្វព្រៃនៅទីស្ងាត់ ហើយចចក នឹងអាស្រ័យនៅទីនោះ ព្រមទាំងសត្វអូសទ្រីចផង ឥតមានមនុស្សណានៅស្រុកនោះជាដរាបតទៅ ក៏នឹងគ្មានអ្នកណានៅគ្រប់ទាំងដំណមនុស្សតរៀងទៅដែរ
40. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថានឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះទ្រង់បំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
41. មើល មានសាសន៍១មកពីទិសខាងជើង ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន បានត្រូវដាសឡើងពីចុងផែនដី
42. គេចាប់យកធ្នូ និងលំពែង ជាពួកសាហាវណាស់ ឥតមានត្រាប្រណីឡើយ សំឡេងគេឮសន្ធឹកដូចសមុទ្រ គេសុទ្ធតែជិះសេះ គេដំរៀបគ្នា ដូចជាមនុស្សដែលរៀបទៅច្បាំង ឱកូនស្រីក្រុងបាប៊ីឡូនអើយ គេមកទាស់នឹងឯងហើយ