18. ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ
19. អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នក ដែលអញទុកឲ្យសល់នៅ។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់ឯង
22. មានឮសូរចំបាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសំបើម
23. ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
24. នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា
25. ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ
26. ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ
27. ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ