14. នែ ពួកអ្នកដែលដំឡើងធ្នូអើយ ចូរដំរៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំឲ្យសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ
15. ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
16. ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចំរូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
17. ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ
18. ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ
19. អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នក ដែលអញទុកឲ្យសល់នៅ។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់ឯង
22. មានឮសូរចំបាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសំបើម
23. ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎