10. នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
11. នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង
12. នោះម្តាយឯងរាល់គ្នានឹងមានសេចក្តីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់
13. ឥតមានអ្នកណានៅ ដោយព្រោះសេចក្តីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់នៅទទេ អស់អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូននឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្តីវេទនារបស់ទីក្រុង
14. នែ ពួកអ្នកដែលដំឡើងធ្នូអើយ ចូរដំរៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំឲ្យសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ
15. ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសំរាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់ឯង
16. ត្រូវឲ្យកាត់អ្នកដែលសាបព្រោះ និងអ្នកដែលកាន់កណ្តៀវក្នុងរដូវចំរូត ចេញពីក្រុងបាប៊ីឡូនទៅ គេនឹងវិលទៅឯសាសន៍របស់គេរៀងខ្លួន ហើយរត់ទៅឯស្រុកគេគ្រប់គ្នា ដោយខ្លាចដាវដែលកំពុងតែធ្វើទុក្ខ។
17. ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ
18. ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ
19. អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នក ដែលអញទុកឲ្យសល់នៅ។
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់ឯង
22. មានឮសូរចំបាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសំបើម
23. ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎
24. នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា
25. ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ
26. ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ