យេរេមា 5:8-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា

9. ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ​អី។

10. ចូរ​ឡើង​ទៅ​លើ​អស់​ទាំង​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ពី​ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទេ

11. ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12. គឺ​គេ​បាន​កុហក​ពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា មិន​មែន​ព្រះ​នោះ​ទេ ឯ​សេចក្តី​អាក្រក់​នឹង​មិន​មក​លើ​យើង​រាល់​គ្នា ហើយ​យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់‌អត់​ឡើយ

13. ពួក​ហោរា​នឹង​ត្រឡប់​ទៅ​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។

14. ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ដែល​អញ​ដាក់​នៅ​មាត់​ឯង បាន​ដូច​ជា​ភ្លើង​វិញ ហើយ​ឲ្យ​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ

15. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ មើល អញ​នឹង​នាំ​សាសន៍១​ពី​ឆ្ងាយ​មក​លើ​ឯង​រាល់​គ្នា គឺ​ជា​សាសន៍​១​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ​ដែល​ឯង​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ

16. បំពង់​ព្រួញ​គេ ដូច​ជា​ផ្នូរ​ខ្មោច​ចំហ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ

17. គេ​នឹង​ស៊ី​ផល​ចំរូត ហើយ​អាហារ​របស់​ឯង​អស់​ទៅ ជា​អាហារ​ដែល​ទុក​សំរាប់​កូន​ប្រុស​កូន​ស្រី​ឯង ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​ឯង ហើយ​នឹង​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​ឯង​ដែរ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​ឯង​នោះ ដោយ‌សារ​ដាវ

18. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មាន​គ្រា​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ​មិន​បំផ្លាញ​ឯង​រាល់​គ្នា​ឲ្យ​អស់​រលីង​ដែរ

19. ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង នោះ​ទ្រង់​នឹង​ឆ្លើយ​ដល់​គេ​ថា ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​ឯង​ជា​យ៉ាង​ណា ឯង​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន​យ៉ាង​នោះ​ដែរ។

20. ចូរ​ថ្លែង​សេចក្តី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា

21. ឱ​ជន‌ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្តី​នេះ​ឥឡូវ​ចុះ

22. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

23. តែ​ជន‌ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ

24. គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សំរាប់​ច្រូត​កាត់​ដល់​យើង​ដែរ នោះ​ឡើយ

យេរេមា 5