7. ធ្វើដូចម្តេចឲ្យអញបានអត់ទោសឲ្យឯងបាន ពួកកូនចៅរបស់ឯងបានបោះបង់ចោលអញអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលអញបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតអញវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីសំផឹង
8. គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធរបស់អ្នកជិតខាងគ្រប់គ្នា
9. ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍ណាយ៉ាងដូច្នេះទេឬអី។
10. ចូរឡើងទៅលើអស់ទាំងកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ពីព្រោះខ្នែងទាំងនោះមិនមែនជារបស់ផងព្រះយេហូវ៉ាទេ
11. ដ្បិតពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដាបានក្បត់នឹងអញជាខ្លាំងហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12. គឺគេបានកុហកពីព្រះយេហូវ៉ា ដោយពាក្យថា មិនមែនព្រះនោះទេ ឯសេចក្តីអាក្រក់នឹងមិនមកលើយើងរាល់គ្នា ហើយយើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់អត់ឡើយ
13. ពួកហោរានឹងត្រឡប់ទៅដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
14. ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល អញនឹងធ្វើឲ្យពាក្យដែលអញដាក់នៅមាត់ឯង បានដូចជាភ្លើងវិញ ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
15. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ
16. បំពង់ព្រួញគេ ដូចជាផ្នូរខ្មោចចំហ គេសុទ្ធតែជាមនុស្សខ្លាំងពូកែ
17. គេនឹងស៊ីផលចំរូត ហើយអាហាររបស់ឯងអស់ទៅ ជាអាហារដែលទុកសំរាប់កូនប្រុសកូនស្រីឯង ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់ឯង ហើយនឹងស៊ីបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់ឯងដែរ គេនឹងវាយរំលំទីក្រុងមានកំផែង ដែលជាទីទុកចិត្តរបស់ឯងនោះ ដោយសារដាវ
18. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើមានគ្រាយ៉ាងនោះក៏ដោយ គង់តែអញមិនបំផ្លាញឯងរាល់គ្នាឲ្យអស់រលីងដែរ
19. ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។
20. ចូរថ្លែងសេចក្តីនេះនៅក្នុងពួកវង្សយ៉ាកុប ហើយប្រកាសប្រាប់នៅក្នុងពួកយូដាថា
21. ឱជនជាតិល្ងីល្ងើ ហើយឥតយោបល់ ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮអើយ ចូរស្តាប់សេចក្តីនេះឥឡូវចុះ