12. គឺគេបានកុហកពីព្រះយេហូវ៉ា ដោយពាក្យថា មិនមែនព្រះនោះទេ ឯសេចក្តីអាក្រក់នឹងមិនមកលើយើងរាល់គ្នា ហើយយើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់អត់ឡើយ
13. ពួកហោរានឹងត្រឡប់ទៅដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
14. ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល អញនឹងធ្វើឲ្យពាក្យដែលអញដាក់នៅមាត់ឯង បានដូចជាភ្លើងវិញ ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
15. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នែ ពួកវង្សអ៊ីស្រាអែលអើយ មើល អញនឹងនាំសាសន៍១ពីឆ្ងាយមកលើឯងរាល់គ្នា គឺជាសាសន៍១យ៉ាងស្វិតស្វាញ ជាសាសន៍ចាស់បុរាណដែលឯងមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ
16. បំពង់ព្រួញគេ ដូចជាផ្នូរខ្មោចចំហ គេសុទ្ធតែជាមនុស្សខ្លាំងពូកែ
17. គេនឹងស៊ីផលចំរូត ហើយអាហាររបស់ឯងអស់ទៅ ជាអាហារដែលទុកសំរាប់កូនប្រុសកូនស្រីឯង ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់ឯង ហើយនឹងស៊ីបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់ឯងដែរ គេនឹងវាយរំលំទីក្រុងមានកំផែង ដែលជាទីទុកចិត្តរបស់ឯងនោះ ដោយសារដាវ
18. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើមានគ្រាយ៉ាងនោះក៏ដោយ គង់តែអញមិនបំផ្លាញឯងរាល់គ្នាឲ្យអស់រលីងដែរ
19. ដូច្នេះ បើកាលណាឯងរាល់គ្នាសួរថា ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់ប្រព្រឹត្តការយ៉ាងនេះដល់យើង នោះទ្រង់នឹងឆ្លើយដល់គេថា ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពដល់ព្រះដទៃនៅក្នុងស្រុកឯងជាយ៉ាងណា ឯងរាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុក១ដែលមិនមែនជារបស់ផងខ្លួនយ៉ាងនោះដែរ។
20. ចូរថ្លែងសេចក្តីនេះនៅក្នុងពួកវង្សយ៉ាកុប ហើយប្រកាសប្រាប់នៅក្នុងពួកយូដាថា
21. ឱជនជាតិល្ងីល្ងើ ហើយឥតយោបល់ ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮអើយ ចូរស្តាប់សេចក្តីនេះឥឡូវចុះ
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
23. តែជនជាតិនេះគេមានចិត្តរឹងចចេស ហើយបះបោរវិញ គេបានបះបោរចេញបាត់ទៅហើយ
24. គេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ ដែលទ្រង់ប្រទានភ្លៀងមក គឺទាំងភ្លៀងដើម ហើយចុងរដូវផងតាមរដូវភ្លៀង ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ ដែលសំរាប់ច្រូតកាត់ដល់យើងដែរ នោះឡើយ
25. អំពើទុច្ចរិតរបស់ឯងរាល់គ្នាបានបង្វែរការទាំងនោះចេញ ហើយអំពើបាបរបស់ឯង បានបង្ខាំងសេចក្តីល្អ ចេញពីឯងរាល់គ្នាដែរ
26. ដ្បិតនៅក្នុងរាស្ត្រអញ ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ ឯគេគឺដាក់អន្ទាក់ ហើយចាប់មនុស្សវិញ
27. ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយសេចក្តីឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយមានឡើង
28. គេបានឡើងសាច់ធាត់ ហើយប៉ផូរ អើ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្តីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចំរើនឡើងឡើយ ក៏មិនសំរេចត្រឹមត្រូវដល់ពួកកំសត់ផង
29. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍យ៉ាងនោះទេឬអី។