1. ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល បើមានអ្នកណាមួយ គឺបើមានមនុស្សណាដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្តីពិត នោះអញនឹងអត់ទោសដល់ទីក្រុង
2. ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ
3. ឱព្រះយេហូវ៉ា ព្រះនេត្រទ្រង់ តើទតមិនឃើញសេចក្តីពិតទេឬអី ទ្រង់បានវាយគេ តែគេមិនបង្រះសោះ ទ្រង់បានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្តីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
4. នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ
5. ខ្ញុំនឹងទៅឯពួកអ្នកធំ ហើយនិយាយនឹងគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា និងក្រឹត្យវិន័យរបស់ព្រះនៃគេពិត ប៉ុន្តែអ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញផង
6. ដូច្នេះសិង្ហមួយដែលចេញពីព្រៃ នឹងសំឡាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនម៉បចាំនៅមុខទីក្រុងរបស់គេ អស់អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ពីព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏បានចំរើនជាច្រើនឡើងដែរ។
7. ធ្វើដូចម្តេចឲ្យអញបានអត់ទោសឲ្យឯងបាន ពួកកូនចៅរបស់ឯងបានបោះបង់ចោលអញអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលអញបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតអញវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីសំផឹង
8. គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធរបស់អ្នកជិតខាងគ្រប់គ្នា