យេរេមា 5:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​រត់​ទៅ​មក​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​មើល ឲ្យ​ដឹង​ឥឡូវ ចូរ​ស្វែង​រក​នៅ​ទីធ្លា​ទាំង​ប៉ុន្មាន​មើល បើ​មាន​អ្នក​ណា​មួយ គឺ​បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែង​រក​សេចក្តី​ពិត នោះ​អញ​នឹង​អត់​ទោស​ដល់​ទី​ក្រុង

2. ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ

3. ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​ទ្រង់ តើ​ទត​មិន​ឃើញ​សេចក្តី​ពិត​ទេ​ឬ​អី ទ្រង់​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​អន្តរ‌ធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្តី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។

4. នោះ​ខ្ញុំ​បាន​ថា មនុស្ស​ទាំង​នេះ ប្រាកដ​ជា​ទាល់​ក្រ ហើយ​ល្ងី‌ល្ងើ​ទេ គេ​មិន​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ឬ​ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ​ឡើយ

5. ខ្ញុំ​នឹង​ទៅ​ឯ​ពួក​អ្នក​ធំ ហើយ​និយាយ​នឹង​គេ​វិញ ដ្បិត​មុខ​ជា​គេ​ស្គាល់​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ​ពិត ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​ព្រម​គ្នា​បំបាក់​នឹម ហើយ​ផ្តាច់​ចំណង​ចេញ​ផង

6. ដូច្នេះ​សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សំឡាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ។

7. ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​បាន​អត់​ទោស​ឲ្យ​ឯង​បាន ពួក​កូន​ចៅ​របស់​ឯង​បាន​បោះ‌បង់​ចោល​អញ​អស់​ហើយ ក៏​បាន​ស្បថ​នឹង​របស់​ដែល​មិន​មែន​ជា​ព្រះ​ផង កាល​អញ​បាន​ឲ្យ​គេ​ស៊ី​ឆ្អែត​ជា​បរិបូរ នោះ​គេ​ក៏​បែរ​ជា​ផិត​អញ​វិញ ហើយ​ប្រជុំ​គ្នា​ទាំង​ហ្វូង​នៅ​ឯ​ផ្ទះ​ស្រី​សំផឹង

8. គេ​ប្រៀប​ដូច​ជា​សេះ​ដែល​ចិញ្ចឹម​ដោយ​ល្អ ហើយ​រត់​ទៅ​មក​តាម​តែ​ចិត្ត គឺ​គេ​ស្រែក​កញ្ជ្រៀវ​រក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​គ្រប់​គ្នា

9. ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​ណា​យ៉ាង​ដូច្នេះ​ទេ​ឬ​អី។

10. ចូរ​ឡើង​ទៅ​លើ​អស់​ទាំង​កំផែង​ទី​ក្រុង​របស់​គេ ហើយ​បំផ្លាញ​ទៅ តែ​កុំ​ឲ្យ​អស់​រលីង​ឡើយ ចូរ​កាច់​ខ្នែង​គេ​ចេញ ពី​ព្រោះ​ខ្នែង​ទាំង​នោះ​មិន​មែន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ទេ

11. ដ្បិត​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា​បាន​ក្បត់​នឹង​អញ​ជា​ខ្លាំង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12. គឺ​គេ​បាន​កុហក​ពី​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា មិន​មែន​ព្រះ​នោះ​ទេ ឯ​សេចក្តី​អាក្រក់​នឹង​មិន​មក​លើ​យើង​រាល់​គ្នា ហើយ​យើង​នឹង​មិន​ត្រូវ​ឃើញ​ដាវ ឬ​គ្រា​អំណត់‌អត់​ឡើយ

13. ពួក​ហោរា​នឹង​ត្រឡប់​ទៅ​ដូច​ជា​ខ្យល់ ព្រះ‌បន្ទូល​មិន​នៅ​ក្នុង​គេ​ទេ សូម​ឲ្យ​គេ​បាន​យ៉ាង​ដូច្នោះ​ចុះ។

14. ដូច្នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ពោល​ពាក្យ​យ៉ាង​នេះ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ដែល​អញ​ដាក់​នៅ​មាត់​ឯង បាន​ដូច​ជា​ភ្លើង​វិញ ហើយ​ឲ្យ​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ឧស ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​គេ​អស់​ទៅ

15. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ មើល អញ​នឹង​នាំ​សាសន៍១​ពី​ឆ្ងាយ​មក​លើ​ឯង​រាល់​គ្នា គឺ​ជា​សាសន៍​១​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ​ដែល​ឯង​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ

យេរេមា 5