3. ឱហែសបូនអើយ ចូរទ្រហោយំចុះ ដ្បិតក្រុងអៃយត្រូវខូចបង់ហើយ ឱពួកកូនស្រីនៃក្រុងរ៉ាបាតអើយ ចូរស្រែកឡើង ចូរស្លៀកសំពត់ធ្មៃ ហើយទួញទំនួញចុះ ត្រូវឲ្យរត់ទៅមកតាមរបង ដ្បិតព្រះម៉ូឡុកនឹងត្រូវចាប់យកទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយវាទាំងប៉ុន្មានផង
4. ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ
5. ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល អញនឹងនាំសេចក្តីស្ញែងខ្លាចមកលើឯង ពីគ្រប់ទាំងសាសន៍ដែលនៅជុំវិញឯង ហើយឯងរាល់គ្នានឹងត្រូវបណ្តេញចេញទៅខាងមុខរៀងខ្លួន ឥតមានអ្នកណានឹងប្រមូលផ្តុំពួកអ្នក ដែលរត់ទៅនោះឡើយ
6. ប៉ុន្តែ ជាន់ក្រោយអញនឹងនាំពួកកូនចៅអាំម៉ូន ដែលជាឈ្លើយមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
7. ពីសាសន៍អេដំម។ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្តីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ
8. ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវឲ្យទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតអញនឹងនាំសេចក្តីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលអញនឹងធ្វើទោសដល់គេ
9. បើមានពួកសំរាប់បេះផ្លែទំពាំងបាយជូរមកឯឯង នោះតើគេមិនទុកផ្លែខ្លះឲ្យបេះសន្សំជាន់ក្រោយទេឬ បើចោរមកនៅពេលយប់ នោះតើវាមិនបំផ្លាញឲ្យល្មមតែស្កប់ចិត្តប៉ុណ្ណោះទេឬអី
10. ប៉ុន្តែឯអញៗបានធ្វើឲ្យអេសាវអាក្រាតនៅទទេ អញបានបើកកេរខ្មាសគេឲ្យឃើញផង គេនឹងមិនអាចបិទបាំងខ្លួនបានទេ ពូជពង្សគេត្រូវបំផ្លាញហើយ ព្រមទាំងបងប្អូន និងអ្នកជិតខាងគេផង ឯខ្លួនគេក៏មិននៅទៀតដែរ
11. ចូរលះចោលកូនកំព្រារបស់ឯងចុះ អញនឹងចិញ្ចឹមវាឲ្យរស់នៅ ហើយត្រូវឲ្យពួកមេម៉ាយរបស់ឯងទុកចិត្តនឹងអញទៅ
12. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល ពួកអ្នកដែលមិនមានទោសជាត្រូវផឹកពីពែង នោះនឹងត្រូវផឹកវិញជាមិនខាន ឯឯងតើជាអ្នកដែលនឹងអាចរួចពីទោសទាំងអស់ឬ ឯងមិនត្រូវនៅជាឥតទោសទេ គឺឯងនឹងត្រូវផឹកពីពែងនេះជាពិតវិញ
13. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានស្បថនឹងខ្លួនអញថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្តាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ។
14. ខ្ញុំបានឮដំណឹងមកពីព្រះយេហូវ៉ា ទ្រង់ក៏បានចាត់ទូត១ឲ្យទៅឯសាសន៍ទាំងប៉ុន្មានប្រាប់ថា ចូរមូលគ្នាមកទាស់នឹងគេ ហើយលើកគ្នាទៅច្បាំងចុះ
15. ដ្បិតមើលអញបានធ្វើឲ្យឯងជាយ៉ាងតូច នៅកណ្តាលពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យមនុស្សទាំងឡាយមើលងាយឯងផង
16. ត្រង់ឯសេចក្តីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្តីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា