23. ពីក្រុងដាម៉ាស។ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្តីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង និងឲ្យស្ងប់វិញមិនបាន
24. ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្តីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្តីថប់ព្រួយ និងសេចក្តីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន
25. ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎
26. ហេតុនោះពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
27. ហើយអញនឹងបង្កាត់ភ្លើងឡើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ។
28. ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
29. ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល និងហ្វូងចៀមរបស់គេ ក៏នឹងដឹករនាំង អស់ទាំងភាជនៈ និងសត្វអូដ្ឋរបស់គេ ទៅទុកសំរាប់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្តីស្ញែងខ្លាច នៅគ្រប់ទិសហើយ
30. ឱឯងរាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវឲ្យជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ
32. ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្តីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
33. នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។
34. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរស្រុកអេឡាំ នៅដើមរាជ្យនៃសេដេគា ស្តេចយូដា ថា
35. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបំបាក់ធ្នូរបស់ពួកអេឡាំ គឺជាដើមកំឡាំងរបស់គេ
36. អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ
37. អញនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្តីអាក្រក់មកលើគេ គឺជាសេចក្តីកំហឹងដ៏សហ័សរបស់អញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីងទៅ
38. អញនឹងតាំងបល្ល័ង្កអញ នៅស្រុកអេឡាំ ហើយនឹងបំផ្លាញទាំងស្តេច និងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
39. ប៉ុន្តែដល់ជាន់ក្រោយ នោះអញនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។