21. ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម
22. មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំមនឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
23. ពីក្រុងដាម៉ាស។ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្តីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង និងឲ្យស្ងប់វិញមិនបាន
24. ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្តីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្តីថប់ព្រួយ និងសេចក្តីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន
25. ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎
26. ហេតុនោះពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
27. ហើយអញនឹងបង្កាត់ភ្លើងឡើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ។
28. ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
29. ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល និងហ្វូងចៀមរបស់គេ ក៏នឹងដឹករនាំង អស់ទាំងភាជនៈ និងសត្វអូដ្ឋរបស់គេ ទៅទុកសំរាប់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្តីស្ញែងខ្លាច នៅគ្រប់ទិសហើយ
30. ឱឯងរាល់គ្នាជាពួកអ្នកស្រុកហាសោរអើយ ចូររត់ទៅ ចូរដើរសាត់ព្រាត់ទៅឲ្យឆ្ងាយ ត្រូវឲ្យជ្រកនៅរអាងយ៉ាងជ្រៅចុះ ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានប្រឹក្សាការ ហើយកើតមានគំនិតទាស់នឹងឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
31. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរក្រោកឡើងៗទៅឯសាសន៍១ដែលនៅជាសុខ ហើយឥតកង្វល់ចុះ គេគ្មានទ្វារ គ្មានរនុក ជាពួកអ្នកដែលនៅតែគ្នាគេប៉ុណ្ណោះ
32. ហ្វូងអូដ្ឋរបស់គេនឹងបានជារបឹប ហើយហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងបានជារបស់សំរាប់ប្លន់ អញនឹងកំចាត់កំចាយពួកអ្នកដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនឹងនាំសេចក្តីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
33. នោះក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។