20. ដូច្នេះ ចូរស្តាប់សេចក្តីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម និងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
21. ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម
22. មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំមនឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
23. ពីក្រុងដាម៉ាស។ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្តីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង និងឲ្យស្ងប់វិញមិនបាន
24. ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្តីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្តីថប់ព្រួយ និងសេចក្តីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន
25. ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎
26. ហេតុនោះពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ