18. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ
19. មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន
20. ដូច្នេះ ចូរស្តាប់សេចក្តីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម និងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
21. ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម