16. ត្រង់ឯសេចក្តីគួរស្ញែងខ្លាចរបស់ឯងនោះ គឺជាសេចក្តីអំនួតក្នុងចិត្តឯង បានបញ្ឆោតខ្លួនទេ ឱឯងដែលអាស្រ័យនៅក្រហែងថ្មដា ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើឯងធ្វើសំបុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែអញនឹងទំលាក់ឯងចុះពីនោះមកដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
17. ស្រុកអេដំមនឹងត្រឡប់ជាទីស្រឡាំងកាំង ឯអស់អ្នកដែលដើរតាមទីនោះ គេនឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះអស់ទាំងសេចក្តីវេទនារបស់ស្រុកនោះ
18. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងគ្មានមនុស្សណាអាស្រ័យនៅស្រុកនោះ ឬមនុស្សជាតិណាស្នាក់នៅទីនោះឡើយ ដូចក្នុងការបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ព្រមទាំងទីក្រុងជិតខាងនោះទាំងប៉ុន្មានដែរ
19. មើល នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះអញនឹងដំរូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកឯណាឲ្យដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណាដែលនឹងអាចឈរនៅមុខអញបាន
20. ដូច្នេះ ចូរស្តាប់សេចក្តីប្រឹក្សានៃព្រះយេហូវ៉ា ដែលទ្រង់បានសំរេចទាស់នឹងស្រុកអេដំម និងដំរិះដែលទ្រង់បានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
21. ផែនដីក៏ញ័រដោយសូរគេធ្លាក់ចុះ ក៏មានឮសំរែកដែលឮរហូតដល់សមុទ្រក្រហម
22. មើល គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែនៅស្រុកអេដំមនឹងបានដូចជាចិត្តនៃស្រី ដែលរៀបនឹងសំរាលកូន។
23. ពីក្រុងដាម៉ាស។ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្តីទុក្ខព្រួយរបស់គេដូចជាសមុទ្រដែលកំរើកឡើង និងឲ្យស្ងប់វិញមិនបាន
24. ក្រុងដាម៉ាសបានទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្តីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្តីថប់ព្រួយ និងសេចក្តីទុក្ខវេទនា ដូចជាស្រីដែលឈឺនឹងសំរាលកូន
25. ទីក្រុងគួរសរសើរ ជាទីរីករាយដល់អញ ដូចម្តេចបានជាគេមិនសំចៃទុកឯងដូច្នេះហ្ន៎
26. ហេតុនោះពួកកំឡោះៗរបស់ក្រុងនោះនឹងដួលនៅក្នុងផ្លូវ ហើយអស់ទាំងទាហាននឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
27. ហើយអញនឹងបង្កាត់ភ្លើងឡើងនៅក្នុងកំផែងក្រុងដាម៉ាស ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ។
28. ពីពួកកេដារ និងពីនគរទាំងប៉ុន្មានដែលនៅស្រុកហាសោរ ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានវាយ។ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរក្រោកឡើង ឡើងទៅឯពួកកេដារ ហើយបំផ្លាញពួកកូនស្រុកនៅខាងកើតចុះ
29. ពួកខ្មាំងសត្រូវនឹងចាប់យកត្រសាល និងហ្វូងចៀមរបស់គេ ក៏នឹងដឹករនាំង អស់ទាំងភាជនៈ និងសត្វអូដ្ឋរបស់គេ ទៅទុកសំរាប់ខ្លួន ហើយមនុស្សនឹងស្រែកប្រាប់គេថា មានសេចក្តីស្ញែងខ្លាច នៅគ្រប់ទិសហើយ