6. ចូររត់ទៅឲ្យរួចជីវិតឯងចុះ ត្រូវឲ្យនៅដូចជាដើមឈើសោះកក្រោះ នៅទីរហោស្ថាន
7. ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយរបស់វាទាំងអស់ផង
8. នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
9. ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
10. អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្តាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកំចាយឈាម នោះក៏ត្រូវបណ្តាសាដែរ។