4. ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ ពួកតូចៗរបស់គេបានស្រែកឲ្យឮ
5. ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរជានិច្ច ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសំរែកថប់ព្រួយពីការបំផ្លាញ
6. ចូររត់ទៅឲ្យរួចជីវិតឯងចុះ ត្រូវឲ្យនៅដូចជាដើមឈើសោះកក្រោះ នៅទីរហោស្ថាន
7. ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយរបស់វាទាំងអស់ផង
8. នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ
9. ចូរឲ្យម៉ូអាប់មានស្លាបចុះ ដើម្បីឲ្យបានហើរទៅឲ្យរួច ដ្បិតទីក្រុងទាំងប៉ុន្មានរបស់គេនឹងត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
10. អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្តាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកំចាយឈាម នោះក៏ត្រូវបណ្តាសាដែរ។
11. សាសន៍ម៉ូអាប់បាននៅដោយឥតកង្វល់ តាំងពីក្មេងមក គេបានរងនៅលើកកររបស់គេ ឥតដែលចាក់ផ្ទេរពីដប១ទៅដល់ដប១ទៀត ក៏មិនដែលត្រូវនាំទៅជាឈ្លើយឡើយ ហេតុនោះបានជាគេមានរសជាតិនៅដូចដដែល ហើយក្លិនរបស់គេក៏មិនបានផ្លាស់ប្រែទៅដែរ
12. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងចាត់ប្រើមនុស្សទៅឯគេ ដែលនឹងចាក់ផ្ទេរចេញឲ្យដបនៅទទេ ហើយនឹងបំបែកដបឲ្យខ្ទេចខ្ទីដែរ
13. នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
14. ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងជាមនុស្សខ្លាំងពូកែ ហើយស្ទាត់ជំនាញក្នុងចំបាំងបាន
15. ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំឡោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ
16. សេចក្តីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្តីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
17. ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង
18. ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់
19. ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី
20. សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ
21. ការសំរេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត
22. លើឌីបូន នេបូរ បេត-ឌីប្លាថែម