យេរេមា 48:36-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ដូច្នេះ ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ

37. ដ្បិត​គ្រប់​ទាំង​មនុស្ស​បាន​កោរ​ត្រងោល ហើយ​កាត់​ពុក‌ចង្កា គេ​បាន​ឆូត​សាច់​ដៃ​គ្រប់​គ្នា ហើយ​បាន​ស្លៀក​សំពត់​ធ្មៃ

38. នៅ​លើ​ដំបូល​ផ្ទះ ហើយ​នៅ​ក្នុង​ផ្លូវ​នៃ​ស្រុក​ម៉ូអាប់ នោះ​មាន​ឮ​សុទ្ធ​តែ​សូរ​ទំនួញ​គ្រប់​កន្លែង ដ្បិត​អញ​បាន​បំបែក​សាសន៍​ម៉ូអាប់ ដូច​ជា​ភាជនៈ​ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

39. គេ​នឹង​ស្រែក​ទ្រហោ​ថា ស្រុក​ត្រូវ​បែក​បាក់​ខូច​យ៉ាង​ណា​ហ្ន៎ សាសន៍​ម៉ូអាប់​បាន​បែរ​ខ្នង ដោយ​ខ្មាស​ហ្ន៎ គឺ​យ៉ាង​នោះ​ដែល​សាសន៍​ម៉ូអាប់​នឹង​ត្រឡប់​ជា​ទី​មើល‌ងាយ និង​ជា​ទី​ស្ញែង​ខ្លាច ដល់​អស់​អ្នក​នៅ​ព័ទ្ធ​ជុំវិញ​គេ

40. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​នឹង​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់

41. កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

42. ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍​ទៅ ពី​ព្រោះ​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា

43. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ សេចក្តី​ស្ញែង​ខ្លាច រណ្តៅ និង​អន្ទាក់ មក​លើ​ឯង​ហើយ

44. អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្តី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​អញ​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

45. ពួក​អ្នក​ដែល​រត់ គេ​ឈរ​នៅ​ទាំង​អស់​កំឡាំង​ក្រោម​ម្លប់​ក្រុង​ហែសបូន ប៉ុន្តែ​មាន​ភ្លើង​ចេញ​ពី​ហែសបូន និង​អណ្តាត​ភ្លើង​ចេញ​ពី​កណ្តាល​ស៊ីហុន ទៅ​បញ្ឆេះ​ទី​បំផុត​នៃ​ស្រុក​ម៉ូអាប់ និង​ក្រយៅ​ក្បាល​នៃ​ពួក​ជ្រួល‌ជ្រើម​ទៅ

46. ឱ​ម៉ូអាប់​អើយ វរ​ដល់​ឯង​ហើយ ពួក​ព្រះ‌កេម៉ូស​កំពុង​វិនាស​ទៅ ដ្បិត​ពួក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ត្រូវ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ

47. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។

យេរេមា 48