28. ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង
29. យើងបានឮនិយាយពីសេចក្តីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ និងពីសេចក្តីលើកខ្លួន សេចក្តីអំនួត សេចក្តីវាយឫក និងពីសេចក្តីឆ្មើងឆ្មៃក្នុងចិត្តគេដែរ
30. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីឃោរឃៅរបស់គេថា មិនជាអ្វីទេ អស់ទាំងសេចក្តីអំនួតរបស់គេ មិនបានបង្កើតអ្វីសោះ
31. ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើអញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូលក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ
32. ឱដើមទំពាំងបាយជូរ នៅត្រង់ស៊ីបម៉ាអើយ អញនឹងយំនឹងឯង លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់ឯងបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរផង មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់ឯង
33. ឯសេចក្តីរីករាយ និងសេចក្តីអំណរ នោះបានដកចេញពីចំការដុះដាល ហើយពីស្រុកម៉ូអាប់ទៅ អញបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏នឹងគ្មានអ្នកណាជាន់ផ្លែ ដោយសំរែកខ្ញៀវខ្ញារឡើយ សូរសំរែករបស់គេ នឹងមិនមែនជាសំរែកពិតទេ
34. មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ
35. មួយទៀតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងធ្វើឲ្យលែងមានអ្នកណាថ្វាយដង្វាយនៅលើទីខ្ពស់ និងអ្នកណាដែលដុតកំញានថ្វាយដល់ព្រះខ្លួន នៅក្នុងស្រុកម៉ូអាប់ទៀត។
36. ដូច្នេះ ចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះម៉ូអាប់ ហើយចិត្តអញនឹងឮឡើងដូចជាខ្លុយ ដោយព្រោះមនុស្សដែលអាស្រ័យនៅគារ-ហារ៉ាសែតដែរ ពីព្រោះផលបរិបូរ ដែលគេបានប្រមូលទុក បានវិនាសអស់ទៅហើយ
37. ដ្បិតគ្រប់ទាំងមនុស្សបានកោរត្រងោល ហើយកាត់ពុកចង្កា គេបានឆូតសាច់ដៃគ្រប់គ្នា ហើយបានស្លៀកសំពត់ធ្មៃ
38. នៅលើដំបូលផ្ទះ ហើយនៅក្នុងផ្លូវនៃស្រុកម៉ូអាប់ នោះមានឮសុទ្ធតែសូរទំនួញគ្រប់កន្លែង ដ្បិតអញបានបំបែកសាសន៍ម៉ូអាប់ ដូចជាភាជនៈដែលឥតមានអ្នកណាចូលចិត្តឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
39. គេនឹងស្រែកទ្រហោថា ស្រុកត្រូវបែកបាក់ខូចយ៉ាងណាហ្ន៎ សាសន៍ម៉ូអាប់បានបែរខ្នង ដោយខ្មាសហ្ន៎ គឺយ៉ាងនោះដែលសាសន៍ម៉ូអាប់នឹងត្រឡប់ជាទីមើលងាយ និងជាទីស្ញែងខ្លាច ដល់អស់អ្នកនៅព័ទ្ធជុំវិញគេ
40. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល ខ្មាំងសត្រូវនឹងហើរមកដូចជាឥន្ទ្រី ហើយនឹងត្រដាងស្លាបពីលើស្រុកម៉ូអាប់
41. កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន
42. ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា
43. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្តីស្ញែងខ្លាច រណ្តៅ និងអន្ទាក់ មកលើឯងហើយ
44. អ្នកណាដែលរត់រួចពីសេចក្តីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ដ្បិតអញនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
45. ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កំឡាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែមានភ្លើងចេញពីហែសបូន និងអណ្តាតភ្លើងចេញពីកណ្តាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ
46. ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ