យេរេមា 48:26-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង

27. ដ្បិត​តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល

28. ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចំរែះ​រអាង

29. យើង​បាន​ឮ​និយាយ​ពី​សេចក្តី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​អួត‌អាង​ខ្លាំង​ណាស់ និង​ពី​សេចក្តី​លើក​ខ្លួន សេចក្តី​អំនួត សេចក្តី​វាយ‌ឫក និង​ពី​សេចក្តី​ឆ្មើង‌ឆ្មៃ​ក្នុង​ចិត្ត​គេ​ដែរ

30. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្តី​ឃោរ‌ឃៅ​របស់​គេ​ថា មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្តី​អំនួត​របស់​គេ មិន​បាន​បង្កើត​អ្វី​សោះ

31. ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ​អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល​ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ

32. ឱ​ដើម​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​ស៊ីបម៉ា​អើយ អញ​នឹង​យំ​នឹង​ឯង លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​ឯង​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ​ផង មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​ឯង

យេរេមា 48