យេរេមា 48:21-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ការ​សំរេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត

22. លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម

23. លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន

24. ហើយ​លើ​កេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង

25. ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

26. ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង

27. ដ្បិត​តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល

28. ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចំរែះ​រអាង

29. យើង​បាន​ឮ​និយាយ​ពី​សេចក្តី​អំនួត​របស់​សាសន៍​ម៉ូអាប់​ថា គេ​អួត‌អាង​ខ្លាំង​ណាស់ និង​ពី​សេចក្តី​លើក​ខ្លួន សេចក្តី​អំនួត សេចក្តី​វាយ‌ឫក និង​ពី​សេចក្តី​ឆ្មើង‌ឆ្មៃ​ក្នុង​ចិត្ត​គេ​ដែរ

30. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្តី​ឃោរ‌ឃៅ​របស់​គេ​ថា មិន​ជា​អ្វី​ទេ អស់​ទាំង​សេចក្តី​អំនួត​របស់​គេ មិន​បាន​បង្កើត​អ្វី​សោះ

31. ដូច្នេះ អញ​នឹង​ទ្រហោ​យំ​នឹង​សាសន៍​ម៉ូអាប់ អើ​អញ​នឹង​ស្រែក​ឡើង ដោយ​ព្រោះ​សាសន៍​ទាំង​មូល​ក៏​នឹង​សោយ​សោក​ចំពោះ​ពួក​មនុស្ស នៅ​គារ-ហារ៉ាសែត​ដែរ

32. ឱ​ដើម​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​ស៊ីបម៉ា​អើយ អញ​នឹង​យំ​នឹង​ឯង លើស​ជាង​យំ​នឹង​យ៉ាស៊ើរ​ទៅ​ទៀត ខ្នែង​របស់​ឯង​បាន​បោះ​ចេញ​ទៅ​ដល់​ត្រើយ​សមុទ្រ​ម្ខាង បាន​លូក​ទៅ​ដល់​សមុទ្រ​យ៉ាស៊ើរ​ផង មេ​បំផ្លាញ​បាន​ធ្លាក់​មក​លើ​ផល​រដូវ​ក្តៅ និង​លើ​ផល​ទំពាំង‌បាយ‌ជូរ​របស់​ឯង

33. ឯ​សេចក្តី​រីក‌រាយ និង​សេចក្តី​អំណរ នោះ​បាន​ដក​ចេញ​ពី​ចំការ​ដុះ‌ដាល ហើយ​ពី​ស្រុក​ម៉ូអាប់​ទៅ អញ​បាន​ធ្វើ​ឲ្យ​លែង​មាន​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ឃ្នាប​ទៀត ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​ផ្លែ ដោយ​សំរែក​ខ្ញៀវ‌ខ្ញារ​ឡើយ សូរ​សំរែក​របស់​គេ នឹង​មិន​មែន​ជា​សំរែក​ពិត​ទេ

34. មាន​ឮ​សំរែក​នៅ​ក្រុង​ហែសបូន រហូត​ដល់​អេលាលេ គេ​បាន​បព្ចោញ​សំឡេង​រហូត​ដល់​យ៉ាហាស ហើយ​ពី​សូអារ​ទៅ​ដល់​ហូរ៉ូណែម ដូច​ជា​គោ​ញី​អាយុ​៣​ខួប ដ្បិត​ទឹក​នៃ​នីមរីម​បាន​រីង​ស្ងួត​ទៅ​ហើយ

35. មួយ​ទៀត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ធ្វើ​ឲ្យ​លែង​មាន​អ្នក​ណា​ថ្វាយ​ដង្វាយ​នៅ​លើ​ទី​ខ្ពស់ និង​អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ខ្លួន នៅ​ក្នុង​ស្រុក​ម៉ូអាប់​ទៀត។

36. ដូច្នេះ ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​នឹង​ឮ​ឡើង​ដូច​ជា​ខ្លុយ ដោយ​ព្រោះ​មនុស្ស​ដែល​អាស្រ័យ​នៅ​គារ-ហារ៉ាសែត​ដែរ ពី​ព្រោះ​ផល​បរិបូរ ដែល​គេ​បាន​ប្រមូល​ទុក បាន​វិនាស​អស់​ទៅ​ហើយ

យេរេមា 48