15. ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំឡោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ
16. សេចក្តីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្តីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
17. ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង
18. ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់
19. ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី
20. សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ
21. ការសំរេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត
22. លើឌីបូន នេបូរ បេត-ឌីប្លាថែម
23. លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន
24. ហើយលើកេរីយ៉ុត បុសរ៉ា និងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយផង
25. ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
26. ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង
27. ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល