1. ពីស្រុកម៉ូអាប់។ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ក្រុងនេបូរពីព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវខូចបង់
2. សាសន៍ម៉ូអាប់លែងមានសេចក្តីអំនួត ពីក្រុងហែសបូនហើយ មានគេបានបង្កើតការអាក្រក់ទាស់នឹងវាថា ចូរមក យើងនឹងកាត់គេចេញ ពីដំណែងជានគរទៅ ហើយឯង ឱម៉ាតម៉ែនអើយ ឯងនឹងត្រូវស្ងៀមនៅដែរ ដាវនឹងដេញតាមឯង
3. មានឮសូរសំរែកចេញពីក្រុងហូរ៉ូណែម គឺជាការខូចបង់ ហើយបំផ្លាញយ៉ាងសំបើម
4. ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ ពួកតូចៗរបស់គេបានស្រែកឲ្យឮ
5. ដ្បិតគេនឹងឡើងតាមផ្លូវទៅឯលូគីតទាំងយំបណ្តើរជានិច្ច ឯត្រង់ផ្លូវចុះទៅឯហូរ៉ូណែម នោះមានឮសំរែកថប់ព្រួយពីការបំផ្លាញ
6. ចូររត់ទៅឲ្យរួចជីវិតឯងចុះ ត្រូវឲ្យនៅដូចជាដើមឈើសោះកក្រោះ នៅទីរហោស្ថាន
7. ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកចៅហ្វាយរបស់វាទាំងអស់ផង
8. នឹងមានមេបំផ្លាញមកលើគ្រប់ទាំងទីក្រុង ឥតមានណាមួយរួចឡើយ ឯច្រកភ្នំ នឹងត្រូវវិនាសទៅ ហើយស្រុកវាលនឹងត្រូវបំផ្លាញដែរ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ