7. តើអ្នកណានេះ ដែលឡើងមក ដូចជាទឹកជន់ដែលទឹកនោះកំរើកឡើងដូចជាទន្លេ
8. ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់ ហើយទឹកនោះក៏កំរើកឡើងដូចជាទន្លេ គេអួតថា អញនឹងក្រោកឡើង អញនឹងគ្របលើផែនដី អញនឹងបំផ្លាញអស់ទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង
9. សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ
10. ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត
11. ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ ឯងនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ ឯងនឹងមើលខ្លួនមិនជាឡើយ
12. អស់ទាំងសាសន៍បានឮនិយាយពីសេចក្តីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។
13. នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងហោរាយេរេមា ពីដំណើរនេប៊ូក្នេសា ជាស្តេចសាសន៍បាប៊ីឡូន ដែលនឹងមកវាយស្រុកអេស៊ីព្ទ
14. ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង ត្រូវឲ្យប្រាប់ថា ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញឯងអស់ហើយ
15. ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់ឯងត្រូវកៀរយកទៅដូច្នេះ គេមិនបានឈរនឹងនៅទេ គឺពីព្រោះព្រះយេហូវ៉ាទ្រង់បានច្រានគេទៅ
16. ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
17. នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ