14. ចូរថ្លែងប្រាប់នៅស្រុកអេស៊ីព្ទ ហើយប្រកាសប្រាប់នៅក្រុងមីកដុល ព្រមទាំងនៅក្រុងណូព និងនៅក្រុងថាផ្នេសផង ត្រូវឲ្យប្រាប់ថា ចូរឈរឡើង ហើយរៀបខ្លួនចុះ ដ្បិតដាវបានស៊ីនៅព័ទ្ធជុំវិញឯងអស់ហើយ
15. ហេតុអ្វីបានជាមនុស្សខ្លាំងពូកែរបស់ឯងត្រូវកៀរយកទៅដូច្នេះ គេមិនបានឈរនឹងនៅទេ គឺពីព្រោះព្រះយេហូវ៉ាទ្រង់បានច្រានគេទៅ
16. ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
17. នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ
18. ឯមហាក្សត្រដែលទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ស្បថដោយព្រះជន្មទ្រង់ដ៏រស់នៅថា ភ្នំតាបោរនៅកណ្តាលស្រុកភ្នំ ហើយភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ
19. ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ ចូរផ្គត់ផ្គង់ដល់ខ្លួន សំរាប់នឹងទៅជាឈ្លើយចុះ ដ្បិតក្រុងណូពនឹងត្រូវខូចបង់ ហើយដុតចោលឥតមានអ្នកណានៅ
20. ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែមេបំផ្លាញបានចេញពីស្រុកខាងជើងមកក៏មកដល់ហើយ
21. មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ