1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរសាសន៍ដទៃទាំងប៉ុន្មាន។
2. ពីស្រុកអេស៊ីព្ទ គឺពីដំណើរពលទ័ពរបស់ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ ដែលនៅត្រង់កើកេមីស ក្បែរមាត់ទន្លេអ៊ើប្រាត ជាស្រុកដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានវាយយក ក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀសស្តេចយូដា
3. ចូររៀបចំខែលតូចខែលធំ ហើយចូលទៅឯចំបាំងចុះ
4. ឱពួកពលសេះអើយ ចូរត្រៀមសេះ ហើយឡើងជិះចុះ ចូរចេញមកទាំងពាក់មួកសឹក ចូរខាត់លំពែង ហើយពាក់អាវក្រោះទៅ
5. ហេតុអ្វីបានជាអញត្រូវឃើញដូច្នេះ គេត្រូវស្លុតចិត្ត ហើយបានថយចេញទៅ ពួកខ្លាំងពូកែរបស់គេបានត្រូវវាយផ្តួលចុះ ក៏រត់ទៅឥតងាកបែរទៅខាងក្រោយឡើយ ព្រោះមានសេចក្តីស្ញែងខ្លាចនៅគ្រប់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6. កុំបើកឲ្យមនុស្សលឿនរត់ទៅបាត់ ឬមនុស្សខ្លាំងពូកែរួចខ្លួនឡើយ គេបានចំពប់ដួលចុះ នៅស្រុកខាងជើង ក្បែរទន្លេអ៊ើប្រាតហើយ
7. តើអ្នកណានេះ ដែលឡើងមក ដូចជាទឹកជន់ដែលទឹកនោះកំរើកឡើងដូចជាទន្លេ
8. ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់ ហើយទឹកនោះក៏កំរើកឡើងដូចជាទន្លេ គេអួតថា អញនឹងក្រោកឡើង អញនឹងគ្របលើផែនដី អញនឹងបំផ្លាញអស់ទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង
9. សេះទាំងឡាយអើយ ចូរឡើងទៅ រទេះចំបាំងទាំងឡាយអើយ ចូរសំរុកចូលចុះ ហើយត្រូវឲ្យមនុស្សស្ទាត់ជំនាញចេញទៅដែរ គឺទាំងពួកគូស និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយដំឡើងធ្នូ
10. ដ្បិតថ្ងៃនេះជាថ្ងៃរបស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ គឺជាថ្ងៃសឹក សំរាប់ឲ្យទ្រង់បានសងសឹកនឹងពួកខ្មាំងសត្រូវ ហើយដាវនឹងស៊ីទាល់តែឆ្អែត ក៏ផឹកឈាមគេយ៉ាងស្កប់ស្កល់ ពីព្រោះព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់មានយញ្ញបូជានៅស្រុកខាងជើងក្បែរទន្លេអ៊ើប្រាត
11. ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ ឯងនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ ឯងនឹងមើលខ្លួនមិនជាឡើយ
12. អស់ទាំងសាសន៍បានឮនិយាយពីសេចក្តីអាម៉ាស់ខ្មាសរបស់ឯង ហើយផែនដីក៏ឮពេញដោយសំរែករបស់ឯងដែរ ដ្បិតមនុស្សខ្លាំងពូកែបានចំពប់នឹងមនុស្សខ្លាំងពូកែ ហើយទាំង២បានដួលជាមួយគ្នា។