3. ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្តជាការដែលនាំឲ្យអញខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬឯងរាល់គ្នា ឬពួកព្ធយុកោឯង មិនបានស្គាល់ផង
4. ប៉ុន្តែអញបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់អញឲ្យមកឯឯងរាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា ឱសូមកុំធ្វើការគួរខ្ពើម ដែលអញស្អប់នេះឡើយ
5. តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីនឹងបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ
6. ហេតុនោះបានជាសេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញបានចាក់ចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ
7. ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង និងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ
8. ដោយដៃឯងរាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យអញខឹង គឺជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលឯងរាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលនឹងកាត់ឯងរាល់គ្នាចេញ ហើយឲ្យឯងរាល់គ្នាត្រឡប់ជាទីផ្តាសា និងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី
9. តើឯងរាល់គ្នាបានភ្លេចអំពើអាក្រក់របស់ពួកព្ធយុកោឯង ហើយអំពើអាក្រក់របស់ពួកស្តេចយូដា និងភរិយារបស់គេ ព្រមទាំងអំពើអាក្រក់ដែលខ្លួនឯងរាល់គ្នា និងប្រពន្ធរបស់ឯងរាល់គ្នាបានប្រព្រឹត្តផង គឺជាការដែលគ្រប់គ្នាបានធ្វើនៅក្នុងស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទាំងប៉ុន្មានឬអី
10. ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា និងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។
11. ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា សំរាប់ជាការអាក្រក់ គឺដើម្បីនឹងកាត់ពួកយូដាទាំងអស់ចេញ
12. អញនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តនឹងទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីងទៅ គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់អត់ គេនឹងស្លាប់ទៅ ចាប់តាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ដោយសារដាវ និងអំណត់អត់ នោះគេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្តាសា ហើយជាទីប្រមាថមើលងាយ
13. ដ្បិតអញនឹងធ្វើទោសដល់ពួកអ្នក ដែលស្នាក់នៅក្នុងស្រុកអេស៊ីព្ទនេះដូចជាអញបានធ្វើទោសដល់ក្រុងយេរូសាឡិម ដោយដាវអំណត់អត់ និងអាសន្នរោគដែរ
14. ដល់ម៉្លេះបានជាក្នុងសំណល់ពួកយូដា ដែលបានមកអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នោះនឹងគ្មានអ្នកណាមួយរួចខ្លួន ឬសល់នៅ ដើម្បីនឹងវិលទៅក្នុងស្រុកយូដា ដែលគេប្រាថ្នាចង់ត្រឡប់ទៅអាស្រ័យនៅនោះឡើយ ដ្បិតនឹងគ្មានអ្នកណាវិលទៅវិញសោះ លើកតែពួកអ្នកដែលនឹងរត់រួចបានប៉ុណ្ណោះ។