1. នេះជាព្រះបន្ទូល ដែលមកដល់យេរេមា ពីដំណើរពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកអេស៊ីព្ទ គឺត្រង់មីកដុល ថាផ្នេស ណូព ហើយនៅស្រុកប៉ាត្រូសថា
2. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានឃើញគ្រប់ទាំងសេចក្តីអាក្រក់ ដែលអញបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើលសព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ
3. ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្តជាការដែលនាំឲ្យអញខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬឯងរាល់គ្នា ឬពួកព្ធយុកោឯង មិនបានស្គាល់ផង
4. ប៉ុន្តែអញបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើរបស់អញឲ្យមកឯឯងរាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា ឱសូមកុំធ្វើការគួរខ្ពើម ដែលអញស្អប់នេះឡើយ
5. តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីនឹងបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ
6. ហេតុនោះបានជាសេចក្តីកំហឹង និងសេចក្តីក្រោធរបស់អញបានចាក់ចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ
7. ហេតុនោះឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានឯងរាល់គ្នាប្រព្រឹត្តអំពើអាក្រក់យ៉ាងធំនេះ ទាស់នឹងព្រលឹងរបស់ខ្លួនដូច្នេះ ជាការដែលនឹងកាត់ពួកឯងរាល់គ្នាទាំងប្រុសទាំងស្រី ទាំងក្មេង និងកូននៅបៅ ចេញពីពួកយូដា ឥតទុកឲ្យមានណាមួយនៅសល់ឡើយ