3. គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើងវិញ ដើម្បីនឹងប្រគល់យើងទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ឲ្យគេបានសំឡាប់យើង ហើយនាំទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន
4. ដូច្នេះយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងអស់ ព្រមទាំងជនទាំងឡាយ គេមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងនៅក្នុងស្រុកយូដាទេ
5. គឺយ៉ូហាណានជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលសំណល់ពួកយូដាដែលបានវិលមក ដើម្បីអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ទាំងប្រទេសដែលគេត្រូវបណ្តេញទៅនោះ
6. គឺទាំងប្រុសទាំងស្រី និងកូនក្មេង ពួកបុត្រីរបស់ស្តេច និងបណ្តាមនុស្សដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានទុកឲ្យនៅជាមួយនឹងកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ព្រមទាំងហោរាយេរេមា និងបារូក ជាកូននេរីយ៉ា
7. នាំចូលទៅក្នុងស្រុកអេស៊ីព្ទទាំងអស់គ្នា ពីព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទេ គេក៏ទៅដល់ក្រុងថាផ្នេស។
8. នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមានៅត្រង់ថាផ្នេសដូច្នេះ
9. ចូរយកថ្មធំៗ ទៅកប់ទុកក្នុងបាយអនៃកំរាលឥដ្ឋ ដែលនៅមុខដំណាក់ផារ៉ោនត្រង់ថាផ្នេស នៅភ្នែកនៃពួកយូដាទៅ
10. ហើយប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងចាត់ទៅនាំយកនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ហើយនឹងតាំងបល្ល័ង្ករបស់គេ នៅពីលើថ្ម ដែលអញបានលាក់ទុកនេះ គេនឹងដំឡើងព្រះរាជពន្លារបស់គេ នៅពីលើផង
11. គេនឹងមកវាយស្រុកអេស៊ីព្ទ គ្រានោះ មនុស្សណាដែលសំរាប់ស្លាប់ នឹងត្រូវស្លាប់ទៅ អ្នកណាដែលសំរាប់ដឹកទៅជាឈ្លើយ នឹងត្រូវដឹកទៅ ហើយអ្នកណាដែលសំរាប់ដាវ នឹងត្រូវប្រគល់ទៅដល់ដាវ
12. អញនឹងបង្កាត់ភ្លើងនៅក្នុងវិហារនៃព្រះទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ ហើយគេនឹងដុតចោល ព្រមទាំងដឹកនាំរូបព្រះទាំងនោះទៅជាឈ្លើយ គេនឹងប្រដាប់ខ្លួន ដោយស្រុកអេស៊ីព្ទ ដូចជាអ្នកគង្វាលពាក់អាវខ្លួន រួចគេនឹងចេញពីនេះទៅដោយសុខសាន្ត