2. ហើយគេនិយាយនឹងហោរាយេរេមាថា សូមឲ្យលោកមេត្តាស្តាប់សេចក្តី ដែលយើងខ្ញុំអង្វរដល់លោក ហើយសូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃលោកឲ្យយើងខ្ញុំផង គឺឲ្យពួកមនុស្សដែលសល់នៅទាំងនេះ ដ្បិតយើងខ្ញុំដែលមានគ្នាច្រើន បានសល់នៅតែបន្តិចទេ ដូចជាលោកឃើញស្រាប់
3. ដើម្បីឲ្យព្រះយេហូវ៉ា ជាព្រះនៃលោក បានបង្ហាញផ្លូវដែលយើងខ្ញុំត្រូវដើរ និងការដែលត្រូវធ្វើ
4. ហោរាយេរេមាក៏ឆ្លើយតបថា ខ្ញុំបានឮហើយ មើល ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា តាមពាក្យសំណូមរបស់អ្នករាល់គ្នា ហើយសេចក្តីអ្វីដែលព្រះយេហូវ៉ាទ្រង់ឆ្លើយមក នោះខ្ញុំនឹងឲ្យអ្នករាល់គ្នាដឹង ឥតលាក់លៀបអ្វីនឹងអ្នករាល់គ្នាឡើយ
5. ដូច្នេះ គេជំរាបយេរេមាថា បើយើងខ្ញុំមិនធ្វើតាមគ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ា ជាព្រះនៃលោក នឹងចាត់លោកមកប្រាប់ដល់យើងខ្ញុំ នោះសូមឲ្យព្រះយេហូវ៉ាទ្រង់ជាសាក្សីពិត ហើយស្មោះត្រង់ទាស់នឹងយើងខ្ញុំចុះ
6. ទោះបើជាការល្អ ឬអាក្រក់ក្តី គង់តែយើងខ្ញុំនឹងស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំឲ្យលោកទៅសួរដល់ទ្រង់នោះ ដើម្បីឲ្យយើងខ្ញុំរាល់គ្នាបានសេចក្តីសុខ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ។
7. ក្រោយ១០ថ្ងៃមក នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមា
8. រួចលោកហៅយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មានដែលនៅជាមួយ ហើយបណ្តាជនទាំងឡាយ ចាប់តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត
9. លោកក៏ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅនាំពាក្យអង្វររបស់អ្នករាល់គ្នា ទៅថ្វាយដល់ទ្រង់នោះ ទ្រង់មានព្រះបន្ទូលដូច្នេះថា
10. បើឯងរាល់គ្នានឹងនៅជាប់ក្នុងស្រុកនេះតទៅ នោះអញនឹងសង់ឯងឡើងឥតរំលំចុះឡើយ ក៏នឹងដាំឯងរាល់គ្នាឥតរំលើងវិញដែរ ដ្បិតអញប្រែគំនិតចេញពីការអាក្រក់ ដែលអញបានធ្វើដល់ឯងរាល់គ្នាហើយ
11. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យខ្លាចចំពោះស្តេចបាប៊ីឡូន ដែលឯងរាល់គ្នាកំពុងតែខ្លាចនោះ កុំឲ្យខ្លាចគេឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់គេ
12. អញនឹងប្រោសមេត្តាដល់ឯងរាល់គ្នា ដើម្បីឲ្យគេបានអាណិតឯង ហើយឲ្យត្រឡប់ទៅឯស្រុករបស់ឯងរៀងខ្លួនវិញ
13. តែបើឯងរាល់គ្នាថា យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ គឺឯងរាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង